លោក ខូយ រីដា អញ្ជើញទទួលអំណោយពីលោកទេសរដ្ឋមន្ត្រី លី ធុច ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងកម្លាំងជួរមុខនិងជនភៀសសឹក
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានទទួលអំណោយពី ឯកលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បាននាំយកអង្ករ៥តោន, ទឹកបរិសុទ្ធ៥០០កេស, មីខ្លាឃ្មុំ៣០០កេស, កែវជ័រ៦កេស, ថង់៦កេស, នំ៥០កេស និងអំបុក៣កេស ដើម្បីបន្តប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ខាងលើនេះ គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនតាមរយៈឯកឧត្តម ក្នុងស្មារតីខ្មែរតែមួយ និងការរួបរួមសាមគ្គីគ្នា ក្នុងអំឡុងពេលដ៏លំបាក ដើម្បីជួយដល់ពលរដ្ឋភៀសសឹក និងដើម្បីជាការរួមចំណែកឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងឈរជើងតំបន់ព្រំដែន កម្ពុជា-ថៃ និងបានបង្ហាញអំពីកម្លាំងសាមគ្គីដ៏រឹងមាំនៅជួរក្រោយ ក្នុងការគាំទ្រយុទ្ធជនជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ពីសត្រូវថៃឈ្លានពាន។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានអំពាវនាវឱ្យប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ រួបរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធទាមទារសន្តិភាព និងសេរីភាពពីការឈ្លានពានរបស់ថៃ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិត លី ធុជ ដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់នាឱកាសនេះ ក្នុងការចូលរួមឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក សបញ្ជាក់ឱ្យឃើញពីការជួយទ្រទ្រង់ ដល់ខឿនការពារជាតិពិតប្រាកដមែន។ ជំនួយនេះដែរ គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងស្មារតីខ្មែរតែមួយ ដែលទង្វើនេះពិតជាបានបង្ហាញពីសាមគ្គីភាព និងសេចក្តីមេត្តាករុណា ក៏ដូចជាការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ ឯកឧត្តមបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ៕



ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល
