ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួង ការងារ ជួបពិភាក្សាការងារ ជាមួយអភិបាល ខេត្តមីយ៉ាហ្គិ និងស្នើឱ្យរដ្ឋាភិបាលជប៉ុន ជំរុញភាគីថៃ ឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែន ជាមួយកម្ពុជាដោយសន្តិវិធី

ខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក​ តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង លោក​ ហេង សួរ រដ្ឋមន្ត្រី បានជួបសម្តែងការ គួរសមជាមួយលោក​ Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ នៅសាលាខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន។

នៅក្នុងជំនួបនេះ លោកអនុរដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ លោករដ្ឋមន្ត្រី ហេង សួរ ជូនចំពោះលោកអភិបាលខេត្ត និងអបអរសាទរលោកដែលបានជាប់ឆ្នោតជាអភិបាលខេត្តមីយ៉ាហ្គិ ៦អាណត្តិជាប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត កាលពីខែតុលា កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ លោកអនុរដ្ឋលេខាធិការ ក៏បានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការជំរុញការ បញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ទន្ទឹមនេះ លោកបានពន្យល់អំពីស្ថានភាព នៃការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា និងស្នើដល់ឯកឧត្តម Yoshihiro Murai ជួយជូនយោបល់ ទៅរដ្ឋាភិបាលជប៉ុន ឱ្យជួយសម្របសម្រួល និងជំរុញភាគីថៃឱ្យឆាប់វិលមកតុចរចា ដោះស្រាយជម្លោះនេះដោយសន្តិវិធី និងគោរពនូវកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃឡើងវិញ។ 

ជាការឆ្លើយតប លោកអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ថា លោកនឹងនាំយក នូវសំណើនេះ ជូនក្រសួងការបរទេសជប៉ុន ដោយលោកក៏ឧស្សាហ៍ មានកិច្ចប្រជុំជាមួយ ក្រសួងការបរទេសដែរ៕

To Top