ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ៖ កងទ័ពអាកាសថៃ បន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់និងស្រីស្នំ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប។

-នៅវេលាម៉ោង ១០:៥៨នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសរបស់ថៃ បានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប។

សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិ។

សូមរំលឹកថា កាលពីនៅព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានមេទឹក ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៥ហើយ ដែលភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់តំបន់ថ្មដា ស្រុកវាលវែង ដែលបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជន ។ ហើយនៅរសៀលថ្ងៃដដែល យោធាថៃ បានបន្ដទម្លាក់គ្រាប់បែកចេញយន្ដហោះចម្បាំង F16 ដើម្បីកម្ទេចចោលទាំងស្រុងស្ពានមេទឹក ៕

To Top