សកម្មភាព គ្មានទំនួលខុសត្រូវ របស់ថៃ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់អន្តរជាតិ
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា សកម្មភាពគ្មានការ ទទួលខុសត្រូវ និងខុសច្បាប់ របស់យោធាថៃបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ដល់មូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥លោកស្រីម៉ាលី សុជាតា បានថ្លែងថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញ កម្រិតខ្ពស់គ្រប់ប្រភេទ របស់ប្រទេសថៃ និងការដាក់ពង្រាយទាហាន ដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភចំពោះធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ។
លោកស្រីបន្តថា “សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ” ។

លោកស្រី ម៉ាលី សុជាតា អំពាវនាវ ឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់ នូវទង្វើភូតកុហកបោកប្រាស់ បំភ្លៃការពិតមិនចេះចប់ មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញ តាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួម ស្តីពី សន្តិភាពរវាងកម្ពុជា-ថៃ៕
