ទស្សនៈវិភាគ៖ ក្រុមអ្នកនយោបាយថៃ ធ្លាប់បានរៀបផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ សាស្ត្រាចារ្យថៃម្នាក់គឺលោក Suphalak Kanchanakhundi ដែលជាអ្នកស្រាវជ្រាវឯករាជ្យបាននិយាយ យ៉ាងច្បាស់ៗថា «ប្រទេសថៃ និងពួកឥស្សរជន(រាជានិយម)ថៃ ធ្លាប់បានព្យាយាមផ្តួលរំលំលោក ហ៊ុន សែន តាមរយៈការប៉ុនប៉ងលួចធ្វើឃាត និងធ្វើរដ្ឋប្រហារ ដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច»។ ប៉ុន្តែ ផែនការ នេះមិនបានសម្រេចនោះទេ ដូច្នេះលោកចង់ឱ្យឈប់គិតអំពីរឿងនេះទៅ។ ការទម្លាយរឿងនេះបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សាមួយក្នុងកម្មវិធីឈ្មោះ 101 world ។

តើផែនការលួចធ្វើឃាត ឬធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំលោក ហ៊ុន សែន មានន័យយ៉ាងដូចម្តេច?
ទី១៖ ក្រុមអ្នកនយោបាយថៃ ជាពិសេសពួករាជានិយមដែលគាំទ្រ ដោយពួកអាមាត្យក្នុងរាជវាំងពិតជាមាន គំនិតស្មោកគ្រោក និងថោកទាបបំផុតចំពោះកម្ពុជា និងថ្នាក់ដឹកនាំប្រទេសកម្ពុជាជាយូរមកហើយ ពិសេសលោក ហ៊ុន សែន។ ផែនការនេះអាចត្រូវបន្ត រហូតមកទល់បច្ចុប្បន្ន។
ទី២៖ ការប៉ុនប៉ងធ្វើឃាតឬធ្វើរដ្ឋប្រហារផ្តួលរំលំលោក ហ៊ុន សែន នេះ ក៏ពីព្រោះតែពួកគេយល់ថា ដរាបណានៅមានវត្តមានលោក ហ៊ុន សែន និងក្រុមអ្នកបន្តវេនដែលមានលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ថៃពិតជាពិបាកបំផុតក្នុងការលេបទឹកដីកម្ពុជា ទៅតាមផែនការចោរនិងផែនទីចោររបស់ពួកគេ។ ដូច្នេះ ការបញ្ចប់ជីវិត ឬបញ្ចប់អំណាចរបស់អតីតនាយកដ្ឋមន្ត្រីកម្ពុជាគឺលោក ហ៊ុន សែន ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យមហិច្ឆតាឈ្លានពានទឹកដី របស់ពួកគេ ងាយស្រួលក្នុងការសម្រេចផល តាមផែនការដែលបានគ្រោងទុក។
ទី៣៖ ដើម្បីងាយស្រួលលេបត្របាក់យកទឹកដីកម្ពុជា ក្រុមអ្នកនយោបាយរាជានិយមថៃអស់ទាំងនេះ ក៏ពិតជាមានទំនាក់ទំនងជាមួយក្រុមប្រឆាំងជ្រុលនិយម នៅកម្ពុជា និងច្បាស់ជាបានជួយជ្រោមជ្រែង ក្រុមនេះពីក្រោយខ្នងជារៀងរហូតមកដោយសន្យាថា នឹងលើកបន្តុបក្រុមប្រឆាំងជ្រុលនិយមខ្មែរ ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេក្លោង។
ទី៤៖ ដោយសារតែចំណងទាក់ទងរវាងក្រុមអ្នកនយោបាយរាជានិយមថៃ និងក្រុមនយោបាយប្រឆាំងជ្រុលនិយមនៅកម្ពុជា មានតាំងពីយូរមកហើយ ទើបបានជានៅពេលថៃឈ្លានពានកម្ពុជានាពេលនេះ គេសង្កេតឃើញក្រុមជ្រុលនិយមរត់ចោលស្រុកដែលមាន សម រង្ស៊ី ជាមេក្លោង បានធ្វើសកម្មភាពបម្រើថៃយ៉ាងចំហ ដោយមិនខ្វល់ពីការបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯងនោះឡើយ។
ទី៥៖ ប៉ុន្តែមហិច្ឆតាមិនអាចរំលងពីលទ្ធភាព និងសមត្ថភាពបានឡើយ មិនដូចអ្វីដែលជាការស្រមើស្រមៃរបស់ពួកគេឯណា ព្រោះនៅពេលពួកគេលើកទ័ពទៅឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ ដែល បានអូសបន្លាយដល់ ១៣ ថ្ងៃហើយ បែរជាមានទាហានថៃ ត្រូវស្លាប់គរជើងដោយទាំងមេទាហានជាច្រើន នាក់ថែមទៀតផង បើធៀបទៅនឹងសង្គ្រាម ៥ថ្ងៃដំបូង (ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥)។
សរុបមកវិញ ក្រុមអ្នកនយោបាយថៃ ពិតជាមានមហិច្ឆតាចង់បានទឹកដីកម្ពុជា និងមានគំនិតអាក្រក់ប៉ុនប៉ង ធ្វើឃាតឬផ្តួលរំលំអំណាចរបស់លោក ហ៊ុន សែន ជាយូរមកហើយ។ ប៉ុន្តែ ពួកគេស្គាល់លោក ហ៊ុន សែន មិនច្បាស់ ទើបជួបបរាជ័យដោយមិនអាច សម្រេចផែនការស្មោកគ្រោករបស់ខ្លួនបានឡើយ។ សង្គ្រាមឈ្លានពានទឹកដីកម្ពុជានាពេលនេះក៏ស្ថិតនៅក្នុងមហិច្ឆតា ដែលពួកគេចិញ្ចឹមទុកជាយូរមកហើយផងដែរ ហើយពួកគេក៏នៅតែមិនអាច សម្រេចគោលដៅរបស់ខ្លួនបានដដែល ពីព្រោះវត្តមានរបស់លោក ហ៊ុន សែន គឺជារបងការពារទឹកដីយ៉ាងរឹងមាំរបស់កម្ពុជា ក្រោមការគាំទ្រពីប្រជាពលរដ្ឋខ្មែរ នៅពីក្រោយវីរកងទ័ពដ៏អង់អាចក្លាហាន ។
ការទម្លាយពីផែនការដ៏អាស្រូវមួយនេះ បានបើកបង្ហាញពីមហិច្ឆតាដ៏អាក្រក់ របស់ក្រុមអ្នកនយោបាយថៃមកលើកម្ពុជា ហើយវាក៏ជាការបកស្បែកមុខកាន់តែច្បាស់ របស់ពួកជ្រុលនិយមរត់ចោលស្រុកដែលមានទំនាក់ទំនង និងទទួលបានការជួយជ្រោមជ្រែងពីសត្រូវឈ្លានពាន។ ពេលនេះទឹកបានរងថ្លាឃើញបាតដីហើយ។ ប្រជាពលរដ្ឋខ្មែរត្រូវមើលឱ្យច្បាស់ ពីមហិច្ឆតាខ្មៅកខ្វក់របស់ថៃ និងនយោបាយក្បត់ជាតិ ក្បត់ប្រជាជន បម្រើសៀមរបស់ក្រុមជ្រុលនិយម ដែលមានទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ជាមេក្លោង៕
ដោយ វង្ស មករា៖ សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គមនយោបាយ

