ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ប្រាប់លោក វ៉ាង យី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ និងវិធានការ កាត់បន្ថយកម្ដៅជម្លោះព្រំដែន

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា បានថ្លែងប្រាប់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា-ថៃ និងវិធានការកាត់បន្ថយកម្ដៅ និងដោះស្រាយជម្លោះដោយសន្តិវិធី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន បានសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។

ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនអំពីការវិវឌ្ឍថ្មីៗ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុង ឡើងកម្ដៅ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់ និងវិធានការកាត់បន្ថយកម្ដៅ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលភាគីទាំងពីរបាន ព្រមព្រៀងគ្នា រួមទាំងការព្រមព្រៀងនៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកឧបនាយក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិភាគទានដ៏សកម្ម និងតួនាទីស្ថាបនារបស់ចិន ក្នុងការជំរុញសន្តិភាព និងសន្ទនារវាងកម្ពុជា និងថៃ៕

To Top