លោក នេត្រ ភក្ត្រា ៖ អ្នកព័ត៌មានគោរពស្តង់ដារសុវត្ថិភាព ពេលចុះយកព័ត៌មានជម្លោះព្រំដែន
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសង្កេតឃើញថា ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិភាគច្រើន បានគោរពស្តង់ដារសុវត្ថិភាព នៅពេលចុះយកព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២០ ធ្នូ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ លោកសង្កេតឃើញាថា អ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួន ពេលចុះបំពេញភារកិច្ចយកព័ត៌មាន នៅតាមទីតាំងនានាដែលមានការប្រយុទ្ធគ្នាដូចជា ៖ ពាក់អាវកាក់ និងមួកមានសញ្ញា «សារព័ត៌មាន»ឬ«PRESS»។

ករណីនេះ រដ្ឋមន្រ្តីបានលើកទឹកចិត្ត និងជំរុញអ្នកសារព័ត៌មានប្រកាន់ខ្ជាប់វិធានការនេះ ហើយករណីអ្នកសារព័ត៌មានត្រូវការអាវកាក់ «សារព័ត៌មាន» ត្រូវទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានសង្កេតឃើញអ្នកសារព័ត៌មានមួយចំនួនមិនទាន់បំពេញនិយាមស្តង់ដារសុវត្ថិភាពនេះនៅឡើយ។

លោកកត់សម្គាល់ឃើញដែរថា អ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារៈមួយចំនួនដែលស្រដៀងនឹងឯកសណ្តាន និងសម្ភារៈកងទ័ពដែលអាចបង្កើតឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថា ជាកងទ័ព។ ដូច្នេះដើម្បីបញ្ជៀសនូវរាល់ហានិភ័យដែលអាចកើតឡើងក្នុងយថាហេតុណាមួយ ចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រួមនឹងប្រជាពលរដ្ឋ គឺត្រូវចៀសវាងការប្រើប្រាស់សម្លៀកបំពាក់ សម្ភារៈដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ ។
រដ្ឋមន្រ្តីព័ត៌មានបន្តថា យោងតាមច្បាប់ ជនស៊ីវិលគ្រប់រូប មិនត្រូវបានអនុញ្ញាតដាច់ខាតឱ្យស្លៀកពាក់ ឬប្រើប្រាស់នូវឯកសណ្ឋានកងទ័ព ឯកសណ្ឋានសមត្ថកិច្ច ឬសម្លៀកបំពាក់ដែលមានលក្ខណៈស្រដៀងទៅនឹងឯកសណ្ឋានកងទ័ព ឬឯកសណ្ឋានសមត្ថកិច្ចឡើយ៕
