ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការសាមគ្គីរួបរួមគ្នាក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយដ៏ធំរឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍ ។

ក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ក្រោមប្រធានបទ៖ «ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ» នាថ្ងៃទី១៩ ធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្ត ដើម្បីសុខភាពរបស់អ្នកជំងឺ គឺជាការសម្រេចចិត្តដែលមិនមែនសម្រេចចិត្តពី ក្នុងការិយាល័យទេ គឺជាការសម្រេចចិត្ត ពីការកសាងឡើងពីទំនុកនៅលើកន្លែងអនុវត្តជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់តែម្តងផងដែរ។

សាស្រ្តាចារ្យផ្តាំផ្ញើបន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋ បានពីការព្យាបាលចេញជាផលជាសះស្បើយ ហើយការព្យាបាលប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលដោយចូលរួមជាមួយជាតិគាំទ្រការអភិវឌ្ឍន៍ប្រទេស ដែលការព្យាបាលទាំងអស់នោះត្រូវបានកត់ត្រាទុក។ ដូច្នេះ គ្រប់ការសម្រេចចិត្ត ផ្អែកលើគតិបណ្ឌិត នៃវិជ្ជាជីវៈជំនាញ ដោយគោរពនិយាមវិទ្យាសាស្រ្ត ស្តង់ដារជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ ដែលការព្យាបាលបែបនេះពិតជាមានប្រសិទ្ធភាព ពិតប្រាកដ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចចំណុច គួរចងចាំ ដូចជា ៖ គោលការណ៍សុវត្ថិភាពអ្នកជំងឺ ដែលជារឿយៗថា “គ្មានគុណភាពឯណា ដែលបានមកពីសេវា ដែលគ្មានសុវត្ថិភាពនោះទេ ។ សុវត្ថិភាព អ្នកជំងឺមិនមែនជាការងារ បន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះ នៃការថែទាំប្រកបដោយគុណភាព” ។ លោករដ្ឋមន្រ្តីបន្តថា សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំ របស់គ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌ សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិ យោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំនិងព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ ។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាមតិមួយចំនួនថា ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ត្រូវបន្តអនុវត្តគោលការណ៍ ស្តីពីសុវត្ថិភាពអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់ថ្នាំ និងការជៀសវាងកំហុសវិជ្ជាជីវៈ ដោយផ្តោតលើអ្នកជំងឺ ។ ជំរុញការធ្វើទំនើបកម្ម បច្ចេកវិទ្យាវេជ្ជសាស្ត្រ៖ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធព័ត៌មានសុខាភិបាល ដើម្បីបង្កើន ប្រសិទ្ធភាព នៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និង ការតាមដានអ្នកជំងឺ និងពង្រឹងសមត្ថភាពធនធាន មនុស្សវិស័យសុខាភិបាល ដោយត្រូវបន្តសិក្សា ស្រាវជ្រាវ អភិវឌ្ឍជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ និងបង្កើននូវវប្បធម៌ចែករំលែក ទៅអ្នកជំនាន់ក្រោយ ៕

To Top