ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ ស្មារតីតស៊ូប្រយុទ្ធ ក្នុងសមរភូមិការពារជាតិលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សម្រាប់បណ្តុះមនសិការ ស្នេហាជាតិ ដល់យុវជនជំនាន់ក្រោយ

សៀមរាប ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលេីកឡេីងថា ស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិ លើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សម្រាប់បណ្តុះមនសិការ ស្នេហាជាតិ ដល់យុវជនជំនាន់ក្រោយ។

ការលេីកឡេីងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាស ដឹកនាំគណៈប្រតិភូគ.ស.ម.ក. អញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព ដែលបានរងរបួស ក្នុងពេលការបំពេញបេសកកម្មការពារជាតិ បូរណភាពទឹកដី និងប្រជាជនខ្មែរ ពីការឈ្លានពានរបស់សៀម និងកំពុងទទួលបានការថែទាំព្យាបាល នៅមន្ទីរពេទ្យបង្អែកសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំនៅពេលនេះ គឺជាសក្ខីភាពនៃការដឹងគុណ និងការលើកទឹកចិត្តចំពោះពលិកម្មដ៏ធំធេងរបស់វីរកងទ័ព និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃ និងមិនឈប់ឈររបស់សត្រូវ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងសង្កត់ធ្ងន់ថា ស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សម្រាប់បណ្តុះមនសិការស្នេហាជាតិ ដល់យុវជនជំនាន់ក្រោយ ។ វីរភាពនេះហើយ ដែលបាន និងកំពុងជំរុញឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ឱ្យមានការគោរពកោតសរសើរ និងរួបរួមសាមគ្គីគ្នា ជាធ្លុងតែមួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាឈរនៅខាងក្រោយខ្នងជានិច្ច ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ ។

ជាការចូលរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្ត លោក កែវ រ៉េមី បានប្រគល់ ជូននូវអំណោយសួរសុខទុក្ខដល់វីរកងទ័ព និងក្រុមគ្រួសារ ដែលរួមមានគ្រឿងឧបភោគបរិភោគដូចជា អង្ករ មី ត្រីងៀត ក្រម៉ា ព្រមទាំងថវិកាមួយចំនួនផងដែរ។

To Top