យោធាថៃ ប្រើ F-16 ទម្លាក់គ្រាប់ មកលើស្ពាន អូរជីក ចំនួន៣លើក
ភ្នំពេញ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 មកលើស្ពានអូរជីក ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានព្រំប្រទល់ជាប់នឹងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន៣លើក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ។
៣លើកដែលយោធាថៃ វាយប្រហារបំផ្លាញស្ពាន អូរជីក គឺលើកទី១ ម៉ោង ២២៖៥៥នាទី ចំនួន ១គ្រាប់ , លើកទី២ ម៉ោង ២៣៖០០នាទី ចំនួន ១គ្រាប់ និងលើកទី៣ ម៉ោង ២៣៖១០នាទី ចំនួន ១គ្រាប់ ។
ក្រសួងការពារជាតិអះអាងថា នេះជាការបំផ្លិចបំផ្លាញ ទីតាំងប្រជាជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់កម្ពុជា ដោយយោធាថៃ ដោយមិនរើសគោលដៅ។
សូមបញ្ជាក់ថា យោធាថៃ បានបើកការវាយប្រហារចូលជ្រៅ ក្នុងដែនអធិបតេយ្យកម្ពុជា នៅទីតាំងស្ពានអូរជីក ដែលនេះជាលើកទី២ហើយ ក្រោយការវាយប្រហារលើកទីមួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់។ សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅ របស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺ នៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ៕
