ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យកម្ពុជា–ចិន ចុះពិនិត្យសុខភាពកុមារកម្ពុជា នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិនPeaceland មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ រដ្ឋបាលខណ្ឌសែនសុខ ក្រុមហ៊ុនOne More អង្គការYUNDI ទើបព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយក្រុមគ្រូពេទ្យកម្ពុជា–ចិន រៀបចំកម្មវិធីចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូងពីកំណើតជូនដល់សិស្សានុសិស្សកម្ពុជាចំនួន ២៤៦នាក់ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា–ចិន ឃ្មួញ ក្នុងគោលបំណងចូលរួមលើកកម្ពស់ការថែទាំសុខភាពកុមារ និងរកឃើញជំងឺបេះដូងពីកំណើតឲ្យបានទាន់ពេលវេលា។

លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ ការចែករំលែកបទពិសោធន៍វេជ្ជសាស្ត្រ និងការរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ក្រោមក្របខណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ក្រោមទម្រនៃមិត្តភាពដែកថែបរវាងកម្ពុជានិងចិន លោកស្រីបានបន្តការលើកទឹកចិត្តដល់សង្គមស៊ីវិលនានារបស់ប្រទេសចិនរួមចំណែកជាមួយសង្គមស៊ីវិលនានារបស់កម្ពុជាក្នុងការអនុវត្តនូវគម្រោងជាក់ស្តែងបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា។

លោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland បានថ្លែងថា ដោយមានការជួយជ្រោមជ្រែងពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន និងអង្គការYUNDI ទើបនេះជាលើកទី១ដែលសកម្មភាពពិនិត្យសុខភាពបេះដូងពីកំណើតបានប្រើប្រាស់ រថយន្តពេទ្យចល័តខ្នាតធំ ដែលបំពាក់ដោយឧបករណ៍ពិនិត្យវេជ្ជសាស្ត្រទំនើប និងមានស្តង់ដារអន្តរជាតិ។

រថយន្តពេទ្យចល័តនេះ គឺជាអំណោយដ៏មានតម្លៃពីមិត្តចិនជូនដល់សមាគមមិត្តភាពកម្ពុជា-ចិនសម្រាប់គាំទ្រដល់វិស័យសុខាភិបាលកម្ពុជា និងបង្កើនលទ្ធភាពចូលដល់សេវាពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារនៅតាមសាលារៀន និងតំបន់ឆ្ងាយ។ លោកបន្ថែមថា សកម្មភាពមនុស្សធម៌នេះ ត្រូវបានអនុវត្តដោយក្រុមគ្រូពេទ្យជំនាញកម្ពុជានិងចិន ហើយបានប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រទំនើប សម្រាប់ពិនិត្យ និងវាយតម្លៃសុខភាពបេះដូងកុមារ ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានផ្តល់ការពិគ្រោះយោបល់សុខភាពដល់គ្រូបង្រៀន អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។

ក្នុងនាមលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក ឃុត សុខា អភិបាលរងខណ្ឌសែនសុខ បានកត់សម្គាល់ថា ថ្នាក់ដឹកនាំសាលា និងមាតាបិតាសិស្សានុសិស្ស បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យកម្ពុជា–ចិន និងភាគីពាក់ព័ន្ធ ជាពិសេសមូលនិធិចិនទាំងពីរ ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពកុមារកម្ពុជា។ លោកបានចាត់ទុកសកម្មភាពនេះថា ជាការរួមចំណែកប្រកបដោយគុណតម្លៃ ក្នុងការថែរក្សាសុខភាពកុមារកម្ពុជា និងរួមចំណែកពង្រឹងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រជាជនកម្ពុជា និងចិន។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៨មក សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសហការជាមួយអង្គពាក់ព័ន្ធនានាទាំងកម្ពុជា ទាំងចិន ក្នុងការអនុវត្តនូវគម្រោងជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយបានជួយដល់កុមារចំនួន ១២៤នាក់ ជាសះស្បើយពីជំងឺបេះដូងពីកំណើតក្រោយទទួលបានការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន៕

To Top