យោធាថៃ បន្តបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសអើង និងមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖
– ម៉ោង១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់ ចូលភូមិសាស្រ្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
– ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១គ្រាប់ ចូលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
– ម៉ោង ១៤:១៨នាទី ដល់ម៉ោង ១៥:០៧នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ១៤គ្រាប់ នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៦គ្រាប់ ចូលសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ម៉ោង ១៥:២៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ចំនួន ២គ្រាប់ បាញ់ផ្លោងចូលម្ដុំសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ម៉ោង ១៦:០៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ចូលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
– ម៉ោង ១៦:៤០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៣គ្រាប់ ចូលចំនុច ខាងជើងរង្វង់មូលស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងកំរោលរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជា និងអំពើអមនុស្សធម៌របស់យោធាថៃ ដោយបាញ់ផ្លោងមិនរើសអើង និងមិនរើសគោលដៅ ដោយយកទីតាំងប្រជាជនជនស៊ីវិលរស់នៅច្រើនកុះករ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ជាគោលដៅនៃការវាយប្រហារ និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់៕
