ព័ត៌មានជាតិ

សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន ៣០០នាក់ ប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការបាញ់ប្រហារដ៏ឃោរឃៅមិនរើសគោលដៅឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា

ជប៉ុន៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ប្រមាណ ៣០០នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តប្រមូលផ្តុំគ្នា ចំនួន ៣ទីតាំង នៅទីក្រុងតូក្យូ ខេត្តអូសាកា និងខេត្តហ្គិហ្វូ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅ និងប្រើប្រាស់អាវុធគ្រប់ធុន គ្រប់មធ្យោបាយ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកក្នុងការឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។

ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុនលើកនេះ មានការដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធចំនួន ២០ស្ថាប័ន ដូចជា ស្ថានទូតសហរដ្ឋអាម៉េរិក ចិន និងម៉ាឡេស៊ីប្រចាំប្រទេសជប៉ុន អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សភាជប៉ុន ក្រសួងការបរទេសជប៉ុន និងរដ្ឋបាលនិងសភាថ្នាក់ខេត្តមួយចំនួន ដើម្បីអំពាវនាវឱ្យមានការថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ថៃ និងចាត់វិធានការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់រាល់សកម្មភាពយ៉ាងគឃ្លើនរបស់ខ្លួន និងងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

ទោះស្ថិតក្រោមភ្លៀងធ្លាក់នៅតាមទីតាំងមួយចំនួនក៏ដោយ អ្នកចូលរួមទាំងអស់បានស្រែក និងកាន់បដាដែលបង្ហាញពីការគោរពដឹងគុណដល់វីរកងទ័ពកម្ពុជា ដែលបានការពារទឹកដីពីការឈ្លានពានរបស់ខ្មាំង និងគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា រួមទាំងការបំផ្លាញសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជនស៊ីវិល និងធ្វើឱ្យប្រជាជនជាង ៥០ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងធ្លាប់រស់នៅក្លាយជាជនភៀសសឹកយ៉ាងលំបាក។

សហគមន៍ខ្មែរនៅប្រទេសជប៉ុន បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ចិន ជប៉ុន ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ពិនិត្យឱ្យបានច្បាស់ថា អ្នកណាជាអ្នកបើកការបាញ់ប្រហារមុន និងចូលរួមតាមដានស្ថានការណ៍នេះប្រកបដោយភាពយកចិត្តទុកដាក់បំផុត ស្របទៅនឹងការគាំទ្រ និងស្វាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា បងប្អូនខ្មែរនៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ នៅទីតាំងជាច្រើន ជាបន្តបន្ទាប់ ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារដ៏កំរោលសារជាថ្មី មកលើដែនអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕

To Top