ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ នៅម៉ាឡេស៊ី

រូបភាព ៖ AKP

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការសម្រេច របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី កម្ពុជា និងថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំពិសេសនេះ នឹងពិភាក្សា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ក្នុងគោលដៅបង្កើនការយោគយល់ពីគ្នា និងជំនឿទុកចិត្តទៅវិញទៅមក ជំរុញការបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។

កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញ នូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ។

នាឱកាសនៃកិច្ចប្រជុំនេះលោក ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីអាស៊ាន ផ្សេងទៀតផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិធានការកសាង ទំនុកចិត្តបន្ថែមទៀត។

ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការលើក កម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹង ដល់ការ រួមចំណែកដ៏យូរអង្វែងរបស់អាស៊ាន ចំពោះសហគមន៍អន្តរជាតិ ទាំងមូលផងដែរ៕

To Top