ក្រសួងការពារជាតិកម្ពុជា ៖ ថៃ បន្តបាញ់ប្រហារ ដើម្បីឈ្លានពាន មកលើដែនអធិបតេយ្យ របស់កម្ពុជា
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បង្ហាញ ពីស្ថានការណ៍ជួរមុខ នៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ភាគីថៃ នៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ២០:១៦នាទី យោធាថៃបានប្រើប្រាស់ កាំភ្លើងធំបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- ម៉ោង ២១:០៣នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ៤:៣០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៤:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ។
- ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ចាប់ពីម៉ោង ៥:៣០នាទី ដល់ម៉ោង ៦:០៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងប្រមាណចំនួន ២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
- ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ ចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោង ចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។
- ម៉ោង ៦:០៣នាទី យោធាថៃបន្តបាញ់ផ្លោងជ្រំចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។
- ម៉ោង ០៦:០៥នាទី រហូតដល់ម៉ោង ម៉ោង ៧:៥២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមរថពាសដែក បន្ទាប់មកបានប្រើរថក្រោះព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិព្រៃចាន់ និងបឹងត្រកួន។
- -ម៉ោង ៦:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មម ផ្លោង ៤គ្រាប់ចូល ភូមិសាស្ត្រ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
- ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុល លើភូមិសាស្រ្តភូមិព្រៃចាន់។
ក្រសួង បន្ដថា មកដល់ម៉ោងនេះ នៅតាមទីតាំងមួយចំនួន យោធាថៃ នៅតែបន្តសកម្មភាព វាយប្រហារមកលើដែន អធិបតេយ្យកម្ពុជា នៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាយ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
