លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកស្រី វ៉ា យ៉ា សម្រាប់យកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ពជួមុខ និងប្រជាជនភៀសសឹកកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកស្រី វ៉ា យ៉ា សមាជិកកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាភរិយារបស់ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ។

អំណោយដែលបានជួយឧបត្ថម្ភនោះ រួមមាន៖ ១. ទឹកបរិសុទ្ធម៉ាក (EM) ចំនួន ១០០កេស, ២. អង្ករចំនួន ២ ០០០គីឡូក្រាម និង ៣. ត្រីខ ១៤កេស ស្មើនឹង ១០០៨កំប៉ុង សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួមុខ និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានឈ្លានពានសៀម មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះលោករដ្ឋមន្ដ្រី បានបញ្ជាក់ថាក្រសួងអភិវឌ្ឍន៍ជនបទ កុំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយការលំបាករបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដូចជាការផ្គត់ផ្គង់ទឹកស្អាត ការផ្តល់ជូនធុងចម្រោះ និងបង្គន់អនាម័យ ដែលសុទ្ធសឹងជាតម្រូវការចាំបាច់របស់បងប្អូនប្រើប្រាស់។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែលអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពាន៕
