លោក ប៉ែន បូណា ៖ ការបាញ់ទាំងកំរោល លើតំបន់ស៊ីវិល កម្ពុជា គឺផ្គើនអន្តរជាតិ
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សកម្មភាពបាញ់ ទាំងកំរោលមកលើតំបន់ ស៊ីវិលរបស់កម្ពុជា ដោយមិនរើសគោលដៅ គឺជាទង្វើផ្គើនសហគមន៍អន្តរជាតិ ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ជម្លោះ កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥លោក ប៉ែន បូណាថ្លែងថា សកម្មភាពសាហាវព្រៃផ្សៃ បើកការបាញ់ប្រហារទាំងកំរោលមកលើកម្ពុជា ដោយបានបំផ្លាញសាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ សម្បត្តិបេតិកភណ្ឌសម្បត្តិពិភពលោក និងផ្ទះសម្បែងប្រជាពលរដ្ឋ គឺជាទង្វើផ្គើនទៅសហគមន៍អន្តរជាតិ ។
លោកបញ្ជាក់ថា “សកម្មភាពព្រៃផ្សៃ អនុស្សធម៌នេះ ជាអំពើផ្គើនចំពោះសហគមន៍ អន្តរជាតិមានដូចជា សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប ប្រទេសអាស៊ាន និង បណ្តាប្រទេសផ្សេងទៀត ដែលបានអំពាវនាវ ឲ្យបញ្ឈប់ការផ្ទុះអាវុធ ហើយងាកមកគោរព កិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព” ។
ក្នុងនាមជាអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ប៉ែន បូណា ប្រកាសថ្កោលទោសចំពោះអំពើបំពាន របស់យោធាថៃ បំផ្លាញហេដ្ឋានរចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធទៅលើប្រទេសថៃ ឲ្យបញ្ឈប់ការបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំឲ្យប្រទេសនេះ ងាកមកដំណោះស្រាយដោយសន្តិវិធី។
សូមបញ្ជាក់ថា គិតមកដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃមកលើដែន អធិបតេយ្យកម្ពុជាដែលបានបាញ់ផ្លោង និងទម្លាក់គ្រាប់តូច- ធំគ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជាស្លាប់១៩នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹក កើនឡើង ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗ ទៀត៕
