លោក ប៉ែន បូណា ៖ កម្ពុជាចូលរួមប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន ឆ្លុះបញ្ចាំងការប្តេជ្ញាចិត្ត រាជរដ្ឋាភិបាល ចំពោះសន្តិភាព
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីគោលជំហរ របស់កម្ពុជា ចំពោះកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា-ថៃ ដែលកម្ពុជាបានចូលរួមនោះ គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា មានប្រសាសន៍ថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដែលរដ្ឋមន្រ្តីការបរទេសខ្មែរ ចូលរួមប្រជុំនេះ គឺបានឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្ត របស់រដ្ឋជាសមាជិកអាស៊ាន ចំពោះការឯកភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាមជ្ឈភាពអាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពលក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-អាគ្នេយ៍ ។
លោកបញ្ជាក់ថា “ការចូលរួមរបស់កម្ពុជាឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព សន្តិសុខ វិបុលភាពក្នុងតំបន់ ក៏ដូចជាការលើក កម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន និងពង្រឹងការចូលរួមចំណែក ដ៏យូរអង្វែងរបស់អាស៊ាន ចំពោះសហគមន៍ អន្តរជាតិទាំងមូល”។
សូមបញ្ជាក់ថា នៅព្រឹកព្រឹកថ្ងៃទី២២ ខែធ្នូ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេស អាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈកិច្ចប្រជុំនេះនឹងចាប់ផ្តើមនៅម៉ោងប្រមាណជា១១ព្រឹក ម៉ោងនៅកម្ពុជា ៕
