ព័ត៌មានជាតិ

យោធាថៃ បានបើកការបាញ់ ប្រហារមកលើអគារ និងផ្ទះរបស់ប្រជាពលរដ្ឋ ស៊ីវិលកំពុងរស់ ប្រមាណជា ៣០គ្រាប់ ក្នុងសង្កាត់អូរជ្រៅ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ៖

-ម៉ោង ១០:៥០នាទី យោធាថៃ បានបើកការបាញ់ប្រហារមកលើអគារ និងផ្ទះរបស់ប្រជាពលរដ្ឋស៊ីវិលកំពុងរស់ ប្រមាណជា ៣០គ្រាប់(កាំភ្លើងដៃ) នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃ ណាក៏ដោយ៕

To Top