ព័ត៌មានជាតិ

ក្នុងជំនួប ជាមួយសម្ដេចតេជោ ចិន រំលេចអំពីទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធ ជាមួយកម្ពុជា

ភ្នំពេញ៖ នៅវិមាន៧មករា នារសៀលថ្ងៃថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ លោក Xie Chuntao និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ ការអញ្ជើញរបស់លោក Xie Chuntao មកកាន់កម្ពុជានៅពេលនេះ គឺតបតាមការអញ្ជើញរបស់សម្ដេចតេជោ ក្នុងពេលដែលសម្ដេច បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនកាលពីខែធ្នូឆ្នាំ២០២៤ កន្លងទៅ។

សម្ដេចតេជោ បានបន្តទៀតថា វត្តមានរបស់លោក Xie Chuntao មកកាន់កម្ពុជានាពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌ ទំនាក់ទំនងកម្ពុជា-ចិន រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។

នៅក្នុងឱកាសនោះ លោក Xie Chuntao បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ជួបសម្ដែងការគួរសមនៅក្នុងពេលនេះ។

លោកបាន រំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងចិន ដែលមានជាមួយគ្នានាពេលបច្ចុប្បន្ននេះ ដែលជាកិច្ចសហប្រតិបត្តិការមួយ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកក៏បានលើកឡើង អំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងបក្សនិងបក្ស ដែលមានជាមួយគ្នា ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក Xie Chuntao មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ នឹងជាការរួមចំណែកបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរ ឲ្យកាន់តែរីកចម្រើន។

លោក Xie Chuntao បានរំលឹកថា កន្លងមកភាគីទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ច រវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនង រវាងកម្ពុជានិងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។

សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងគណបក្សនៃប្រទេសទាំងពីរ ដែលមានជាមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនៈកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាល ពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ។

ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន បច្ចុប្បន្ន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក Xie Chuntao និងគណៈប្រតិភូទាំងអស់ ទទួលបានជោគជ័យ ក្នុងការបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ៕

To Top