កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពាវនាវដល់កម្ពុជា-ថៃ ឱ្យធានាថា ជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ
ភ្នំពេញ ៖ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវដល់ កម្ពុជា-ថៃ ឱ្យធានាថា ជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ និងបន្តប្រកបជីវភាពដូចប្រក្រតី ប្រកបដោយសុវត្ថិភាព។
នេះបើតាមសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នរវាង កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី ២២ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនោះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអូសបន្លាយភាពតានតឹង និងអរិភាព ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិតនិងរបួសយ៉ាងច្រើន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល និងការជម្លៀសជនស៊ីវិលនៅតាមព្រំដែនទាំងសងខាង ហើយបានអំពាវនាវដល់ភាគីទាំង ពីរឱ្យធានាថា ជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅកាន់ផ្ទះ សម្បែងរបស់ខ្លួនវិញ និងបន្តប្រកបជីវភាពដូចប្រក្រតី ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដូចស្ថានភាពមុនពេលមានការផ្ទុះឡើងនូវអរិភាព៕
