លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខបងប្អូនវីរៈកងទ័ពជួរមុខ ដែលត្រូវរបួសអំបែងគ្រាប់ និងផ្សែងពុល ពេលប្រយុទ្ធនៅសមរភូមិមុខ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ…
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ព្រមទាំងមានការចូលរួមពីក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នាំយកនូវថវិការ រួមទាំងសម្ភារៈមួយចំនួនធំនិងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខចំនួនពីរគ្រួសារ លោកពលបាលទោ ផាន ប៉ាលី ភេទប្រុស មេបញ្ជាការរង(ខ) កងពលតូចអន្តរាគមន៍លេខ១ ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ និងលោកពលទោ តារា ម៉េង ពលទាហាន តំបន់ប្រតិបត្តិការសឹករង ប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ត្រូវរបួសដោយសារផ្សែងពុល និងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិ ជាមួយសៀមឈ្លានពាន ដែនអធិបតេយ្យកម្ពុជា ហើយពេលនេះ កំពុងតែសម្រាកព្យាបាលជំងឺ ដោយការយកចិត្តទុកដាក់បំផុត នៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ថវិកានិងសម្ភារៈចូលរួមឧបត្ថម្ភរួមមាន÷ថវិកាចំនួន ៨០០,០០០រៀល និងអង្ក ៤បាវ,មីជាតិ ៤កេស,ទឹកសុទ្ធ ៤កេស,ទឹកផ្លែឈើ ៤កេស,ទឹកត្រី ៤យួរ
និងទឹកស៊ីអ៉ីវ ៤យួរផងដែរ។

ឆ្លៀតក្នុងឱកាសនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានសំណេះសំណាល និងជូនពរជ័យឲ្យឆាប់បានជាសះស្បើយ ក្រៅពីនេះ ក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខនិងការព្រួយបារម្មណ៏បំផុតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចំពោះ វីរៈកងទ័ព លោកពលបាលទោ ផាន ប៉ាលី និងលោកពលទោ តារា ម៉េង និងកោតសរសើរ បំផុតក្នុងការបេញ បេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាព ជូនប្រជាជនកម្ពុជា ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ និងប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ នៅសមរភូមិមុខថែមទៀតផង។

សកម្មភាពក្នុងការចុះសួរសុខទុក្ខនាពេលនេះ គឺជាការរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿន ការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញឱ្យឃើញនូវកម្លាំង ដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។





