ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល ៖ ករណីឃើញមានការបង្ហោះដ្រូន ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរ ដើម្បីចាត់វិធានការទាន់ពេលវេលា

កណ្ដាល ៖ រដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។

តាមសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២២ ធ្នូ បានឲ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក្នុងកាលៈទេសៈ ប្រទេសកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវនោះ រដ្ឋបាលខេត្តកណ្តាល បានធ្វើការណែនាំ ដោយហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

រដ្ឋបាលខេត្ត បន្ដថា «ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការ អនុញ្ញាតពីរដ្ឋបាលខេត្តកណ្តាល ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា»។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១៣ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន ចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ ក្នុងករណីពិនិត្យឃើញមានជន ណាបំពាននូវ សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់៕

To Top