ព័ត៌មានជាតិ

ជប៉ុន មានបំណងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាព តានតឹងរវាង កម្ពុជា-ថៃ ដោយសហការ ជាមួយប្រទេសនានា

ភ្នំពេញ ៖ ជប៉ុន បានមានបំណង បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់ បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ ដោយសហការជាមួយប្រទេស ពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ានផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសជប៉ុន ពាក់ព័ន្ធនឹង កិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន ស្តីពីស្ថានភាពព្រំដែន រវាងប្រទេសកម្ពុជា-ថៃ នាថ្ងៃទី២២ ធ្នូ ថា រដ្ឋាភិបាលជប៉ុនសូមសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹក ជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការ បរទេស បន្ដថា ក្នុងស្ថានភាពនេះ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ហើយសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ានត្រូវបានចេញ ផ្សាយដោយជំរុញឱ្យប្រទេសទាំងពីរចាត់វិធានការ ជាបន្ទាន់ដើម្បីបញ្ឈប់អំពើអរិភាព និងវិលត្រឡប់ទៅរកការសន្ទនាវិញ ។

ប្រទេសជប៉ុន សូមសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត របស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងស្វាគមន៍ចំពោះជំហានវិជ្ជមាន ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។ ជប៉ុនក៏សម្តែងការគោរពយ៉ាងជ្រាលជ្រៅ សារជាថ្មីម្តងទៀតចំពោះសហរដ្ឋអាម៉េរិក ដែលបានខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាព ក្នុងនោះមានកិច្ចព្រមព្រៀង បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួរ។

រដ្ឋាភិបាលជប៉ុន តែងតែអំពាវនាវ ប្រទេសកម្ពុជា និងថៃនៅកម្រិតផ្សេងៗ ឱ្យមានការអត់ធ្មត់ជាអតិបរមា និងដំណោះស្រាយ ដោយសន្តិវិធី តាមរយៈការសន្ទនា ហើយប្រឆាំង នឹងសកម្មភាពណាមួយ ដែលអាចធ្វើឱ្យស្ថានការណ៍ កាន់តែតានតឹងឡើង ។ ជប៉ុន មានបំណងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជា មួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន៕

To Top