ព័ត៌មានជាតិ

កម្ពុជារៀបចំ “គោលនយោបាយថ្មី” សាងសងលំនៅឋាន តម្លៃសមរម្យ សម្រាប់អ្នកមានចំណូលទាប

ភ្នំពេញ ៖ កម្ពុជាបានរៀបចំគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលកម្រិតទាប និងមធ្យម ។

ការកំណត់គោលនយោបាយថ្មីនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ក្រោមការដឹកនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ. នៅថ្ងៃទី២២ ខែធ្នូ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា នេះជា “គោលនយោបាយថ្មី” ដែលជាការធ្វើបច្ចុប្បន្នកម្ម ជំនួសឱ្យ“គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧”។

“គោលនយោបាយថ្មី” នេះមានគោលបំណងផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដែលមាន ចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ ។ ក្នុងនោះក៏បំពេញបន្ថែមនូវលំនៅឋានតម្លៃ សមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សា លើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត , កម្មករនិយោជិត និងអ្នកធ្វើចំណាកស្រុក ។
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត គោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ “គោលនយោបាយថ្មី”នេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី មធ្យម និងវែងដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ៕

To Top