ព័ត៌មានជាតិ

យោធាថៃ ចោទកម្ពុជាដាក់មីនថ្មី គឺពឹងផ្អែកលើការអះអាងជាឯកតោភាគី

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើកឡើងថា ការចោទប្រកាន់របស់យោធាថៃលើកម្ពុជា អំពីការដាក់មីនថ្មី គឺតែងតែពឹងផ្អែកលើការអះអាង ជាឯកតោភាគីរបស់យោធាខ្លួនតែប៉ុណ្ណោះ ។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះបានឲ្យដឹងថា ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយ ឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា ។

សេចក្តីថ្លែងការណ៍បន្តថា កម្ពុជាបញ្ជាក់ជាថ្មីនូវការព្រួយបារម្ភ អំពីការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលដោយថៃនៅក្នុង ឬនៅជិតតំបន់ស៊ីវិល។ អាវុធទាំងនេះ គឺមិនរើសអើងឡើយ និងមានផលប៉ះពាល់វែងដល់ប្រជាជន បំពុលដីជាច្រើនជំនាន់ និងនៅបន្តគំរាមកំហែងទោះបីសង្គ្រាមបានបញ្ចប់។ ការប្រើប្រាស់អាវុធបែបនេះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ គឺជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

ប្រភពដដែលបន្ថែមថា ស្របពេលយោធាថៃបង្កភាពតានតឹង ថៃបានប្រើប្រាស់បញ្ហាមីន តាមរយៈរូបភាពដែលគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ឈុតឆាកដែលបានរៀបចំជាមុន និងការបំភាន់ព័ត៌មានដើម្បីបិទបាំងទង្វើរបស់ខ្លួននោះ កម្ពុជាច្រានចោលដាច់ខាតចំពោះចេតនាប្រើប្រាស់បញ្ហាមនុស្សធម៌ ដើម្បីបិទបាំងទង្វើមកលើជនស៊ីវិល និងបង្វែរចំណាប់អារម្មណ៍អន្តរជាតិចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងទង្វើខុសច្បាប់របស់អន្តរជាតិ។

សេចក្តីថ្លែងការណ៍អះអាងថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់គោលការណ៍នៃសន្ធិសញ្ញាសព្វាវុធការ ឬសកម្មភាពមីនមនុស្សធម៌ ជាការបិទបាំងដល់សកម្មភាពយោធា ឬការបង្វែរចំណាប់អារម្មណ៍អន្តរជាតិចេញពីការឈ្លានពានមកលើកម្ពុជា។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា កម្ពុជាកត់សម្គាល់ថា ការចោទប្រកាន់របស់ថៃ តែងតែពឹងផ្អែកលើការអះអាងជាឯកតោភាគីរបស់យោធា មិនមានការផ្ទៀងផ្ទាត់ឯករាជ្យ ការស៊ើបអង្កេតដោយយុត្តិធម៌ ឬយន្តការស្វែងរកការពិតដែលទទួលស្គាល់ជា អន្តរជាតិ។ រូបថត និងភស្តុតាងដែលគ្មានការផ្ទៀងផ្ទាត់ទីតាំង កាលបរិច្ឆេទ ការរក្សាទុក ឬការវាយតម្លៃ បច្ចេកទេសអព្យាក្រឹត មិនអាចចាត់ទុកជាភស្តុតាងបានទេ ក្រោមច្បាប់អន្តរជាតិ៕

To Top