លោក ឆាយ ឫទ្ធិសែន អញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមគ្រួសារ លោកស្រី ប្រាក់ ហេងសុម៉ាលី ត្រូវជាភរិយារបស់វីរកងទ័ពកម្ពុជា បានពលីកម្មក្នុងសមរភូមិ
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំ អញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមគ្រួសារ លោកស្រី ប្រាក់ ហេងសុម៉ាលី ត្រូវជាភរិយារបស់ វីរកងទ័ពលោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា តទល់នឹងការឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម ។



ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកដ៏ជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានប្រគល់ថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងថវិកាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថវិការបស់សាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកស្រី ប្រាក់ ហេងសុម៉ាលី សម្រាប់សម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ។

គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីបច្ចុប្បន្ន តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខនិងជីវភាពរស់នៅ របស់គ្រួសារអតីតយុទ្ធជន និងវីរកងទ័ព ជាស្ដែងគ្រួសាររបស់ លោកស្រី ប្រាក់ ហេងសុម៉ាលី បានទទួលផ្ទះមួយខ្នងសាងសង់ដោយជញ្ជាំងថ្ម ដំបូលសង្កសី មានបណ្ដោយ ៩ម៉ែត្រ ទទឹង ៧ម៉ែត្រ, មានបន្ទប់គេង ២បន្ទប់, បន្ទប់ទឹក ១បន្ទប់ និងផ្ទះបាយ ១បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕



