លោក ប៉ែន បូណា ៖ មេដឹកនាំថៃ ខំប្រឹងបិទបាំងពីការឈ្លានពានកម្ពុជា ក៏មិនអាចបិទភ្នែកអន្តរជាតិបានដែរ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បើទោះបីជាមេដឹកនាំថៃភូតកហុក និងបិទបាំងអំពើឈ្លានពានកម្ពុជាយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងការពិតពីភ្នែកអន្តរជាតិបានឡើយ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះកម្ពុជា-ថៃនៅព្រឹកថ្ងៃទី២៤ ខែធ្នូ លោក ប៉ែន បូណា បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិផង បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែករបស់ទាហានឈ្លានពានថៃ។ ដូច្នេះ ទោះភាគីថៃភូតកុហកបោកប្រាស់យ៉ាងណា ក៏មិនអាចលាក់បាំងពីចរឹកឃោឃៅរបស់ខ្លួនបានដែរ។
លោកបញ្ជាក់ថា “ទោះបីជាមេដឹកនាំថៃខិតខំភូតកុហក បំភ្លៃការពិត បង្វែរស្ថានការណ៍ដើម្បីបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងចង់គេចចេញពីអំពើឧក្រិដ្ឋកម្មរបស់ខ្លួនមកលើជនស៊ីវិលស្លូតត្រង់ខ្មែរយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចបិទបាំងការពិតពីភ្នែកសហគមន៍អន្តរជាតិបានឡើយ” ។
ប្រធានអង្គភាពអ្នកនាំពាក្យបន្តថា ការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញ់ខ្ពស់ដូចជា យន្តហោះទម្លាក់គ្រាប់បែក F-16 នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជាបានកើតឡើងជារៀងរាល់ថ្ងៃ។
លោកប៉ែន បូណា បន្ថែមថា សកម្មភាពព្រៃផ្សៃនិងអមនុស្សធម៌នេះ គឺជាអំពើផ្គើននិងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប ប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរវិញ៕
