ព័ត៌មានជាតិ

រដ្ឋាភិបាលអូស្ត្រាលី ជំរុញ កម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់ នូវកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី បានជំរុញឱ្យ កម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់ នូវកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ថា រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់ រហ័សនៃទំហំនិងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។

រដ្ឋាភិបាលអូស្ត្រាលី ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយអំពាវនាវឱ្យភាគីទាំងពីរធានាឲ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។

រដ្ឋាភិបាលអូស្ត្រាលី គូសបញ្ជាក់ថា «យើងជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់ នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ»។

ប្រភព ដដែល បន្ដថា «យើងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងនិងសន្តិភាព។យើងសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ»៕

To Top