សាស្ត្រាចារ្យ ឈាង រ៉ា ៖ មន្រ្តីសុខាភិបាល បន្តថែរក្សា និងតម្កល់សេចក្តីថ្លៃថ្នូរ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ទោះក្នុងស្ថានភាពបែបណា ក៏មន្រ្តីសុខាភិបាល បន្តថែរក្សានិងតម្កល់សេចក្តីថ្លៃថ្នូរ ស្មារតីរឹងមាំ នឹងនរ ដោយប្រកាន់ភ្ជាប់ជានិច្ច ចំពោះក្រមសីលធម៌វេជ្ជសាស្ត្រ ដែលនេះជាភាពរឹងមាំរបស់សុខាភិបាល។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិត ថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ ការងារអាទិភាពឆ្លើយតប ទៅនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ សាស្ត្រាចារ្យ ឈាង រ៉ាបានគូសរំលឹក និងមតិណែនាំសំខាន់ៗ មួយចំនួនឆ្លើយតប នឹងស្ថានភាព ព្រំដែនកម្ពុជា–ថៃ ដោយឱ្យមន្រ្តីសុខាភិបាល ត្រូវបង្កើនការសហការគ្នា ជួយគាំទ្រនូវគ្រប់មធ្យោបាយ មានភាពម្ចាស់ការ លំនឹងនិងច្បាស់លាស់ទាំង ការបម្រើសេវាសុខាភិបាលនៅអង្គភាព និងការងារព្រំដែន។ សាស្ត្រាចារ្យលើកទឹកចិត្តឱ្យមានការអត់ធ្មត់ ការគិតគូរ និងការបំពេញភារកិច្ច សង្គ្រោះប្រជាពលរដ្ឋ និងវីរកងទ័ពឱ្យអស់ពីលទ្ធភាព ។ ធ្វើ សកម្មភាពឆ្លើយតប ត្រូវអនុវត្តដោយការបត់បែន និងត្រៀមនូវផែនការ គ្រប់ជំហាន ដើម្បីឆ្លើយតបទៅតាមស្ថានភាពការងារតំបន់ព្រំដែន ។

សាស្ត្រាចារ្យ ឈាង រ៉ាក៏បានស្នើឱ្យភ្ជាប់ខ្លួនជាមួយនឹងដំណើរវិវឌ្ឍន៍នៃស្ថានភាពប្រទេសជាតិ ហើយត្រូវស្ថិតក្នុងភាពច្បាស់លាស់ជានិច្ច ។ ក្នុងនោះមន្ត្រីសុខាភិបាល ត្រូវមានឥរិយាបថមួយ ដែលផ្តល់ជាឥទ្ធិពលល្អ ដើម្បីផ្តល់ការជឿទុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈសុខាភិបាល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវចលនា គ្រប់កម្រិតក្នុងប្រព័ន្ធសុខាភិបាលចាប់ពីកម្រិតថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ ដល់កម្រិតខេត្ត ដែលមានការចូលរួមសហការគាំទ្រដល់ខេត្តជាប់ព្រំដែន និងសស្រាក់សស្រាំរបស់មន្រ្តីសុខាភិបាល ដោយមិនគិតពីភាពនឿយហត់ ក្នុងការបម្រើសេវាសុខាភិបាល ដល់ប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព ៕







