ព័ត៌មានជាតិ

កម្ពុជា ប្រាប់បារាំង ចំពោះការអនុវត្តពេញលេញ នូវបទឈប់បាញ់

ភ្នំពេញ ៖ ប្រមុខការទូតខ្មែរ បានប្រាប់ទៅភាគីបារាំង អំពីការប្តេជ្ញាចិត្តមិនងាករេ របស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញ នូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ។

នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងអំឡុងកិច្ចសន្ទនា ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការបន្ដគាំទ្រ របស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជា ប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាត ដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។

ជាការឆ្លើយតប លោក Jean-Noël BARROT បានកោតសរសើរ ចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេស របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញ នូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងបានស្វាគមន៍ ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោក Jean-Noël BARROT គាំទ្រប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត៕

To Top