ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ បរិស្ថាន-សុខភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងពេលសត្រូវឈ្លានពានកម្ពុជា

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បរិស្ថាន និងសុខភាព ត្រូវតែទទួលបាននូវការផ្តោតការ យកចិត្តទុកដាក់ខ្ពស់ពីគ្រប់វិស័យ ក្នុងពេលកម្ពុជាកំពុងស្ថិត ក្នុងស្ថានភាពប្រឈមការឈ្លានពានពីសត្រូវ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ដើម្បីលើកកម្ពស់សុខភាពបរិស្ថាន អនាម័យ សំដៅសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពការឈ្លានពាននៅព្រំដែន កម្ពុជា-ថៃ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិ បរិស្ថាន-សុខភាពបានលើកឡើងថា ការជួបជុំគណៈកម្មាធិការនាពេលនេះ ពិតជាចំពេលវេលាដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបរិស្ថាន អនាម័យ និងសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពនៃការឈ្លាសពាននៅព្រំដែនកម្ពុជា-ថៃ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបញ្ជាក់ថា បរិស្ថាន និងសុខភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ មានលក្ខណៈប្រទាក់ក្រឡាគ្នា ។ ដើម្បីសម្រេចការងារនេះ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ ក្នុងការកំណត់អាទិភាពបញ្ហាបរិស្ថាន និងសុខភាព ដោយត្រូវធ្វើផែនការ តាមដាន វាយតម្លៃ និងអនុវត្តវិធានការទប់ស្កាត់ ដែលតម្រូវឱ្យមានភាពជាដៃគូរួមគ្នារវាងភាគីពាក់ព័ន្ធ ទាំងដៃគូកម្រិតជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវគោលដៅអាទិភាពសំខាន់ៗ ដែលក្រសួងសុខាភិបាល បានដាក់ចេញ ដើម្បីឆ្លើយតបនឹងសុខុមាលភាព ប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ពជួរមុខ៖ សុខភាពប្រជាពលរដ្ឋ និងវីរកងទ័ពជាអាទិភាព ទោះក្នុងស្ថានភាពណាក៏ដោយ , ការបម្រើសេវាដោយសមធម៌ , ការពារហានិភ័យដែលអាចកើតមានជាយថាហេតុជំងឺអាសន្នរោគ ជំងឺឆ្លងនានា និងគោលការណ៍ គឺមិនទុកចោលប្រជាពលរដ្ឋណាម្នាក់មិនទទួលបានព្យាបាលនោះទេ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍អនុវត្តមួយចំនួន ដល់សមាជិក សមាជិកានៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព៖ ការងារបរិស្ថាន និងសុខភាព ទាមទាឱ្យមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន ដោយសារជំងឺទាំងអស់មានពាក់ព័ន្ធនឹងបរិស្ថាន , ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានផ្ដោតលើសុខភាពជាអាទិភាព , ក្រសួងទាំងឡាយ ត្រូវឆ្លុះបញ្ចាំងពីផលប៉ះពាល់សុខភាព ក្នុងវិស័យរបស់ខ្លួន , ចែករំលែកព័ត៌មានទាក់ទង នឹងផលប៉ះពាល់បរិស្ថាន ឱ្យបានទាន់ពេលវេលា ៕

To Top