ក្នុងកាលៈទេសៈទប់ទល់ការឈ្លានពានពីថៃ មន្រ្តីសុខាភិបាលជួរមុខ បំពេញភារកិច្ចក្នុងភាពក្លាហាន
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថា នៅក្នុងកាលៈទេសៈទប់ទល់ នឹងការឈ្លានពានពីប្រទេសថៃ មន្រ្តី និងបុគ្គលិកសុខាភិបាល ជួរមុខបានបំពេញភារកិច្ចក្នុងភាពក្លាហាន ដើម្បីសង្គ្រោះព្យាបាលដោយការគោរពស្រឡាញ់ ចំពោះអ្នកជំងឺរបួសទាំងអស់ ដោយការប្តូរផ្តាច់បំផុត ។

ក្នុងវគ្គបណ្តុះបណ្តាលភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) ចំនួន ៣០៣៧នាក់ នាថ្ងៃ២៣ ធ្នូ សាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ពដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហិង្សាពីសំណាក់សត្រូវឈ្លានពាន ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ផ្តល់ ជូនបុគ្គលិកសុខាភិបាល នៅជួរមុខទាំងអស់ នូវស្មារតីគាំទ្រ និងបន្តស្ថិតនៅជាប់ជាមួយបុគ្គលិក សុខាភិបាលទាំងអស់ នៅក្នុងពេលវេលាដ៏លំបាកនេះ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំយកការយល់ឃើញរបស់វិស័យនានាថា វិស័យសុខាភិបាល បានឆ្លើយតបទៅនឹងតម្រូវការនៃការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ ឬរងរបួស ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារ នៅតាមតំបន់ព្រំដែន ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា លទ្ធផលដែលវិស័យសុខាភិបាល អាចសម្រេចបានមកត្រឹមពេលនេះ មិនមែនកើតឡើងដោយបុគ្គលណាម្នាក់ទេ គឺបានមកពីការចូលរួមរបស់មន្ត្រីសុខាភិបាលទាំងអស់ នៅទូទាំងប្រទេស ហើយមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមរក្សាភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព ។

បន្ទាប់ពីនេះ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកអំណះអំណាងចំនួន២ ទាក់ទងនឹងភាពជាអ្នកដឹកនាំ មកចែករំលែកសម្រាប់ធ្វើការពិចារណាថា កុំគិតថាអ្នកដឹកនាំត្រូវចេះជំនាញបច្ចេកទេសគ្រប់មុខទាំងអស់ និងចេះធ្វើការងារបច្ចេកទេសលម្អិត។ ចំណុចនេះជំរុញឱ្យអ្នកដឹកនាំចំណាយពេលសាកសួរ និងស្តាប់យោបល់របស់អ្នកបច្ចេកទេស និងធ្វើការសំយោគគំនិតទាំងនោះ មកប្រើប្រាស់សម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីភាពរីកចម្រើនរបស់អង្គភាព និងកុំជឿថា អ្នកដឹកនាំធ្វើអ្វីសុទ្ធតែត្រូវ ឬអាចធ្វើអ្វីបានជោគជ័យតែម្នាក់ឯង។ ដូច្នេះអ្នកដឹកនាំត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចពីការសម្រេចចិត្តរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ និង វិនិយោគលើការអភិវឌ្ឍក្រុមការងារ ព្រោះក្រុមការងារនៅជុំវិញថ្នាក់ដឹកនាំនេះហើយ ជាកត្តាជួយអ្នកដឹកនាំឱ្យ សម្រេចបានគោលដៅធំៗ របស់អង្គភាព ឬស្ថាប័ន៕




