យោធាថៃ ប្រើរថក្រោះបាញ់បំបុកចូលលំនៅដ្ឋានប្រជាពលរដ្ឋ នៅបឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិគោកព្រិច បន្ថែមទៀត
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តបឹងត្រកួន និងភូមិសាស្ត្រភូមិគោកព្រិច ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖
- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺផ្លូវចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៨:១៤នាទី ក្រោយបាញ់ភ្លើងបំភ្លឺរួច យោធាថៃបានប្រើប្រាស់រថក្រោះបាញ់បំបុកចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រាប់នៅភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិគោកព្រិចជាច្រើនគ្រាប់បន្ថែមទៀត ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕
