ព័ត៌មានជាតិ

ក្មេងទំនើងមួយក្រុមមានគ្នា ៨នាក់ ក្លាហានខុសរឿងឃើញស្ងាត់គិតថាមិនអី បែរជាបែកគំនិត​បង្ហោះ​ម៉ូតូ តាមផ្លូវ​សាធារណៈ​លទ្ធផលចុងក្រោយ​ត្រូវបានកម្លាំកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួន​

ខេត្តកំពង់ស្ពឺ៖ ដោយ​មានការណែនាំផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ ក្រោមការដឹកនាំ​បញ្ជា​ដោយ ផ្ទាល់យ៉ាងយកចិត្តទុកដាក់និងមុឺងម៉ាត់របស់ លោក​ឧត្តម​សេនីយ៍ ត្រី ម៉េ​ង​ ​ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញកង​រាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បាន​អនុវត្តន៍​យ៉ាងម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និង​សន្តិសុខសង្គម ហើយក៏ត្រូវបានអនុវត្តន៍​យ៉ាងម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន​ ជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ជាក់ស្តែងកាលពីវេលាម៉ោង០៣:១០នាទី នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន៨នាក់ ដែល​បាន​បង្ហោះម៉ូតូតាមផ្លូវសាធារណៈ​ដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម នៅចំណុចភូមិរង្វង់មូលផ្លែស្ពឺ ភូមិផ្សារចាស់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

ក្មេងទំនើងទាំង៨នាក់រួមមាន:ទី១ឈ្មោះ សុីម សុីង ភេទប្រុស អាយុ២២ឆ្នាំ,ទី២ឈ្មោះ ប៊ូ លីហុង ភេទប្រុស អាយុ ២០ឆ្នាំ,ទី៣ឈ្មោះ សុឺន សារីម ភេទប្រុស អាយុ១៧,ទី៤ឈ្មោះ ទៀង សុផល ភេទប្រុស អាយុ២០ឆ្នាំ,ទី៥ ឈ្មោះ ឆន រ៉ាយន់ ភេទប្រុស អាយុ១៩ឆ្នាំ,ទី៦ឈ្មោះ រ៉ង់ រតនះ ភេទប្រុស អាយុ ១៩ឆ្នាំ,ទី៧.ឈ្មោះ ខា លីហុង ភេទ ប្រុស អាយុ១៨ឆ្នាំ និងទី៨ឈ្មោះ ឡូង សុភា ភេទប្រុស អាយុ ១៦ឆ្នាំ។

ចាប់យកវត្ថុតាងរួមមាន ម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក SUZUKI NEX 025ពណ៌ក្រហម អត់ស្លាក់លេខ,ម៉ូតូម៉ាក SUZUKI NEX 024ពណ៍ស ស្លាកលេខ ភ្នំពេញ 1KA-7642,ម៉ូតូម៉ាក CROSSOVER 022ពណ៍ខៀវ ស្លាកលេខភ្នំពេញ1KT-2730និងម៉ូតូម៉ាក HONDA DREAM 025ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 1LH-9922)។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៤គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត។

លោក​ឧត្តម​សេនីយ៍ ត្រី ម៉េ​ង​ ​ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏សូម្ហង ្អំពាវនាវ​ឱ្យ​មាន​ការ​សហការ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ក្រុម​ក្មេង​ទំនើង ដើម្បី​ឱ្យ​ការ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព កាន់​តែ​មាន​ប្រសិទ្ធ​ភាព៕

To Top