ភាគីចិន បង្ហាញពីស្ថានភាពថ្មីបំផុត ទាក់ទឹងនឹងការងារ សម្របសម្រួលរបស់បេសកជនពិសេស ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន ទៅកម្ពុជានិងថៃ
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ច ការអាស៊ីរបស់ក្រសួងការបរទេសចិន បានទៅបំពេញទស្សនកិច្ច នៅកម្ពុជានិងថៃ ដើម្បីសម្របសម្រួលសម្រាប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ។ ក្នុងំអំឡុងពេលទស្សនកិច្ច នៅកម្ពុជា លោកបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចធិបតី ហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ រីឯនៅប្រទេសថៃ លោកបានជួបពិភាក្សាជាមួយលោក Anutin នាយករដ្ឋមន្ត្រីថៃ លោក Nattapong រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកUgli មេបញ្ជាការកងទ័ពជើងគោកថៃ និងលោក Ashley អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។
លោក Deng Xijun បានថ្លែងថា ភាគីចិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសភាពកាណ៍ព្រំដែន រវាងកម្ពុជានិងថៃ នាពេលបច្ចុប្បន្ន និងមានទុក្ខសោកយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិត និងនិរាសព្រាត់ប្រាស របស់ប្រជាជនកម្ពុជានិងថៃដែលបណ្តាលមកពីជម្លោះនៃប្រទេសទាំងពីរ លោកក៏បានសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ ។ ភារកិច្ចបន្ទាន់បំផុតនាពេលបច្ចុប្បន្ន គឺការសម្រេចបានបទឈប់បាញ់ ក្នុងពេលឆាប់ៗ និងរៀបចំកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ។ ភាគីចិនគាំទ្រកិច្ចខិតខំប្រឺងប្រែង សម្របសម្រួលរបស់អាស៊ាន ក៏ដូចជាគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ បទឈប់បាញ់ ។ ភាគីចិនមានឆន្ទៈផ្តល់ជាលក្ខខណ្ឌនិងវេទិកា សម្រាប់កិច្ចសន្ទនានិងការចរចា រវាងកម្ពុជានិងថៃ ។ សង្ឃឹមថា ភាគីកម្ពុជានិងថៃ អាចដើរស្របតាមទិសដៅតែមួយ ខិតខំប្រឹងប្រែងស្តារទំនុកចិត្តគ្នា និងកសាងសន្តិភាព តាមតំបន់ព្រំដែនឡើងវិញ។
ជាការឆ្លើយតប ភាគីទាំងពីរកម្ពុជានិងថៃ បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានខិតខំជំរុញការផ្សាះផ្សាគ្នា និងកិច្ចសន្ទនាតាមវិធីដែលភាគីនានា សុទ្ធតែអាចទទួលយកបាន ព្រមទាំងបានលើកឡើងពីការខិតខំជំរុញឱ្យមានសន្តិភាព និងរំពឹងទុកថាអាចសម្រេចបាននូវបទឈប់បាញ់ដោយចីរភាព។ ភាគីទាំងពីរកម្ពុជា និងថៃ មានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីជំរុញការកាត់បន្ថយកម្តៅ និងស្តារសន្តិភាព និងស្ថិរភាពក្នុងតំបន់ព្រំដែនរវាងកម្ពុជានិងថៃ ក្នុងពេលឆាប់ៗ៕
