ព័ត៌មានជាតិ

ប្រតិភូអគ្គិសនីកម្ពុជា បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៥០០ គ្រួសារ ដែលបានជម្លៀស ពីតំបន់សមរភូមិមុខ មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប

សៀមរាប ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមជាមួយប្រតិភូអគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា និងក្រុមការងារអគ្គិសនីខេត្តសៀមរាប បានយកអំណោយ ដើម្បីចែកដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់សមរភូមិមុខចូលមកទីតាំងសុវត្ថិភាព នៅមណ្ឌលសុវត្ថិភាពវត្តលលៃ ឃុំបាគង និងមណ្ឌលសុវត្ថិភាព វត្តស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន៥០០ គ្រួសារ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា២ម៉ឺនរៀល ក្នុងមួយគ្រួសារ ហើយក្រុមការងារ ក៏បានយកចិត្តទុកដាក់ និងបានផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងរៀបចំកន្លែងស្នាក់នៅ ឱ្យបានសមរម្យ ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរស ក្នុងស្មារតីខ្មែរជួយខ្មែរដោយចូលរួមឧបត្ថម្ភគាំទ្រ នូវធនធានផ្ទាល់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជម្លៀសខ្លួនមកកាន់ខេត្តសៀមរាប រកទីតាំងសុវត្ថិភាព ។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និង បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុង ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បានតាមរយៈក្រុង ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាប ៕

To Top