ព័ត៌មានជាតិ

‎ក្រសួងកសិកម្មជំរុញការដាំដុះការផលិតបន្លែ ចិញ្ចឹមសត្វ ត្រី នៅតាមសហគមន៍ សាលារៀន សម្រាប់ផ្គត់ផ្គង់គ្រួសារវីរៈកងទ័ព និងជនភៀសសឹក

‎កំពង់ស្ពឺ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទសហការជាមួយមន្ទីរកសិកម្ម ដឹកនាំដោយលោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការដាំដុះដំណាំកសិកម្មនៅតាមសាលារៀនសម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក  ព្រមទាំងមានការអញ្ជើញចូលរួម  ថ្នាក់ដឹកនាំមន្ទីរកសិកម្ម អនុប្រធានមន្ទីរអប់រំ លោកនាយកសាលា និងមន្ត្រីតាមបណ្តាសហគមន៍ជាច្រើនរូបទៀត ពិធីនេះដែរប្រារព្ធធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៥។

‎លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត បានជំរុញការដាំបន្លែ និងចិញ្ចឹមសត្វ ចិញ្ចឹមត្រី នៅតាមសហគមន៍ ជាពិសេសសាលារៀនគឺជាបេសកកម្មដ៏សំខាន់ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ស្បៀងដល់គ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹកដែលកំពុងត្រូវការជំនួយជាបន្ទាន់។ សកម្មភាពនេះ មិនត្រឹមតែជាការបណ្ដុះបណ្ដាលជំនាញមូលដ្ឋានដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្មារតីសាមគ្គីជាតិដ៏ធំធេង ក្នុងការចូលរួមចំណែកជួយដល់វីរៈកងទ័ពជួរមុខដែលកំពុងលះបង់ដើម្បីមាតុភូមិ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹកដែលកំពុងខ្វះខាតស្បៀងអាហារ។

‎លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងកសិកម្ម មន្ទីរកសិកម្ម និងអាជ្ញាធរខេត្តកំពង់ស្ពឺ ចាប់ដៃគ្នាអនុវត្តគម្រោងដាំដុះបន្លែដែលឆាប់ប្រមូលផលនៅតាមសាលារៀន នេះជាយុទ្ធសាស្ត្រថ្មីមួយក្នុងការធានាថា វីរៈកងទ័ព និងបងប្អូនដែលត្រូវការជំនួយស្បៀង នឹងទទួលបានបន្លែស្រស់ៗ មានគុណភាព និងសុវត្ថិភាពដើម្បីសម្រាប់បរិភោគ។ ម្យ៉ាងទៀតសាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹង ប៉ុន្តែនឹងក្លាយជាកន្លែងផលិតស្បៀងសម្រាប់ជួយជាតិ។  ការប្រើប្រាស់ទីធ្លាសាលារៀនសម្រាប់ដាំដុះ មិនត្រឹមតែជួយដល់ការផ្គត់ផ្គង់ស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការអប់រំកុមារ និងយុវជនឱ្យយល់ដឹងពីបច្ចេកទេសកសិកម្ម និងស្មារតីចែករំលែកក្នុងសង្គម។

‎ឆ្លៀតក្នុងឱកាសនោះដែរ លោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើការជំរុញការដាំដុះបន្លែបង្ការ និងដំណាំរួមផ្សំនៅតាមគ្រឹះស្ថានសិក្សា គឺជាប្រភពស្បៀងបម្រុងដ៏សំខាន់ និងទាន់ចិត្តសម្រាប់អន្តរាគមន៍ក្នុងស្ថានភាពបន្ទាន់ សម្រាប់ផ្គត់ផ្គង់ផ្តល់ជូនដល់វីរៈកងទ័ពជួរមុខ ដែលកំពុងការពារទឹកដីកម្ពុជា ដែលសៀមកំពុងតែឈ្លានពាន និងបងប្អូនជនភៀសសឹកនៅតាមតំបន់ទីទួលមានសុវត្ថិភាព។ ដូច្នេះយុវជន និងសិស្សានុសិស្សនឹងទទួលបានបទពិសោធន៍ផ្ទាល់លើបច្ចេកទេសកសិកម្មទំនើប ដែលអាចយកទៅអនុវត្តនៅតាមគ្រួសារ ដើម្បីបង្កើនចំណូល និងធានាការហូបចុកប្រកបដោយសុវត្ថិភាព។

‎លោក បានបន្តទៀតថា ការពង្រឹងសន្តិសុខស្បៀងនៅគ្រាជួរមុខកំពុងប្រឈមនឹងការឈ្លានពាន គឺជាកាតព្វកិច្ចចម្បងរបស់មន្ត្រីកសិកម្ម និងសហគមន៍ទាំងមូល យើងត្រូវតែរួមគ្នា បង្កើនការផលិតឱ្យបានខ្លាំងក្លាបំផុត ដើម្បីធ្វើជាកម្លាំងបង្អែកផ្នែកស្បៀងដ៏រឹងមាំជូនដល់វីរៈកងទ័ពដែលកំពុងការពារទឹកដីកម្ពុជា។

លោក អំពាវនាវដល់ថ្នាក់ដឹកនាំសាលា ត្រូវយកចិត្តទុកដាក់ថែទាំដាំដុះឱ្យបានសកម្មបំផុត ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងនេះ ក្លាយជាជំនួយស្បៀងពិតប្រាកដសម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកដែលកំពុងត្រូវការចាំបាច់ផងដែរ។

‌‎គួរបញ្ជាក់ផងដែរថាបន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច គណធិបតីបានផ្តល់កិត្តិយសអញ្ជើញដឹកនាំដាំដុះជាក់ស្តែងនៅបរិវេណចំការបន្លែ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕

ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|រូបថតដើមអម្ពិល

To Top