ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ គិតមកទល់បច្ចុប្បន្ន ការផ្តល់សេវាដឹកជញ្ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានបោះពុម្ពរួច ទៅដល់លំនៅឋានពលរដ្ឋជាង ២ម៉ឺនកញ្ចប់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន ការផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែនបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋចំនួន ២២,៧២១កញ្ចប់ ហើយការផ្តល់សេវាដឹកជញ្ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋចំនួន ២១,២៥៥កញ្ចប់។

ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក សួរ វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហការ ក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក អគ្គនាយក ក៏បានរម្លឹកឡើងវិញថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះអនុស្សរណៈនៃការយោគយល់ជាមួយប្រៃណីយ៍កម្ពុជា (Cambodia Post) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីសហការក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋ។ ចាប់តាំងពីពេលនោះមក កិច្ចសហការក្នុងការផ្តល់សេវាបញ្ញើឯកសារអត្តសញ្ញាណកម្មដល់ផ្ទះប្រជាពលរដ្ឋ បានដំណើរការដោយរលូន និងទទួលបាននូវការសាទរ និងការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ មានន័យថា ពេលពលរដ្ឋមកស្នើសុំលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គាត់មានជម្រើសចង់ប្រើសេវាផ្ញើដល់ផ្ទះ ឬយ៉ាងណា ក្រោយ ពេលបោះពុម្ពរួច (ដោយពុំចាំបាច់ត្រឡប់មកយកវិញឡើយ)។

លោក អគ្គនាយក បានគូសបញ្ជាក់ថា «ជាលទ្ធផល គិតមកទល់បច្ចុប្បន្ន កិច្ចសហការលើការប្រើប្រាស់សេវាប្រៃណីយ៍កម្ពុជា បានផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែនដែលបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋ បានចំនួន ២២,៧២១កញ្ចប់ (គិតពីខែមិថុនា ២០២៤- វិច្ឆិកា ២០២៥ ឬគិតជាមធ្យម ចំនួន ១,២៦២កញ្ចប់/ខែ) និងផ្តល់សេវាដឹកជញ្ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលបាន បោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋបានចំនួន ២១,២៥៥កញ្ចប់ (គិតពីខែវិច្ឆិកា ២០២៤ – វិច្ឆិកា ២០២៥ ឬគិតជាមធ្យមចំនួន ១,៦៣៥កញ្ចប់/ខែ)។ នេះជាជោគជ័យដ៏ធំ មួយនៃកិច្ចសហការនៃភាពជាដៃគូរវាងអង្គភាពរដ្ឋ និងអង្គភាពរដ្ឋ»៕

To Top