ឥណ្ឌា ចាត់ទុកការបំផ្លាញរូប សំណាកហិណ្ឌូ ពីយោធាថៃ គឺមិនគោរពអារម្មណ៍ពលរដ្ឋ
ភ្នំពេញ ៖ ក្រសួងការបរទេសឥណ្ឌា ក្នុងនាមជាប្រទេសមួយ កាន់ព្រះពុទ្ធសាសនា និងហិណ្ឌូសាសនា បានចាត់ទុកសកម្មភាព វាយកម្ទេចរូបសំណាក អាទិទេពហិណ្ឌូ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃពីសំណាក់ក្រុមយោធាថៃ គឺមិនគោរពអារម្មណ៍របស់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ ក្រៅពីមិនអស់ចិត្ត ចំពោះការវាយបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធនានា របស់កម្ពុជាហើយ ថែមទាំងបានបំពានដោយគ្រឿង យន្តវាយបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ ដែលកម្ពុជា បានសាងសងកាលពីពេលថ្មីៗនេះ នៅតំបន់អាន់សេះ ក្នុងទឹកដីខេត្តព្រះវិហារ ។
ក្រោយឃើញបែបនេះ លោក Shri Randhir Jaiswal អ្នកនាំពាក្យផ្លូវការក្រសួងការបរទេសឥណ្ឌា បានថ្លែងថា រូបសំណាកអាទិទេពសាសនាហិណ្ឌូ ដែលបានសាងសង់នាពេលថ្មីៗនេះ និងមានទីតាំងនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា ត្រូវយោធាថៃវាយបំផ្លាញចោល។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានអះអាងថា បើទោះបីជាមានការទាមទារ ទឹកដីយ៉ាងណាក៏ដោយ ប៉ុន្តែទង្វើដែលមិនគោរព ដោយវាយកម្ទេចអាទិទេពហិណ្ឌូបែបនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ជុំវិញពិភពលោក ហើយមិនគួរកើតឡើងនោះទេ ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅរកការសន្ទនា និងការទូត ដើម្បីសន្តិភាពឡើងវិញ និងជៀសវាងការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌបន្ថែមទៀត ។
អ្នកនាំពាក្យពន្យល់ថា អាទិទេពហិណ្ឌូ និងពុទ្ធសាសនិកត្រូវបានគោរព និងគោរពបូជាយ៉ាងជ្រាលជ្រៅដោយមនុស្សទូទាំងតំបន់ ដែលជាផ្នែកនៃមរតកអរិយធម៌រួមរបស់មនុស្សលោក ៕
