ព័ត៌មានជាតិ

ប្រជាជនកម្ពុជា ចេញញត្តិផ្ទាល់ខ្លួនថ្កោលទោសសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិយ៉ាងផុលផុសបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើ ដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

តាមរយៈញត្តិថ្កោលទោស ប្រជាជនកម្ពុជាបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

ប្រភពពីប្រជាពលរដ្ឋដែលបានធ្វើញត្តិថ្លោកទោសបន្តថា ភាគីថៃម្តងហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សី របស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភ បំពានសេចក្ដីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវ នាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ប្រជាពលរដ្ឋកម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

To Top