ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ជូនពរវីរកងទ័ពកម្ពុជា១៨រូប មានសុខភាពល្អ និងឆាប់វិលមកវិញ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរ ទៅដល់វីរកងទ័ពកម្ពុជា ទាំង១៨រូប ដែលយោធាថៃ ចាប់ឃុំខ្លួនដោយខុសច្បាប់ នោះមានសុខភាពល្អនិងឱ្យឆាប់បានវិល ត្រឡប់មកកាន់មាតុភូមិវិញ ។

ការផ្ញើសាររបស់នាយឧត្តមសេនីយ៍ ទៀ ក្នុងឱកាសឯកឧត្តមផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធរាលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ។

នាយឧត្តមសេនីយ៍ ទៀ សីហា បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ជួយប្រោះព្រំសព្ទសាធុការពរជ័យ ដល់យោធិនដែលកំពុង សម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ជាពិសេសវីរកងទ័ពដ៏អង់អាចក្លាហានទាំង១៨រូប ដែលត្រូវបានទាហានថៃ ចាប់ឃុំខ្លួនដោយ ខុសច្បាប់ក្រោយបទឈប់បាញ់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរ កម្លាំងមាំមួន ឆាប់បានវិលត្រឡប់មកកាន់មាតុភូមិកំណើត ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១៤៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោម ការឃុំគ្រងរបស់យោធាថៃ ។

ចំពោះការចាប់ឃុំខ្លួននេះ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរព និងអនុវត្ត នូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជា ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

To Top