រដ្ឋមន្រ្តីព័ត៌មាន ៖ អ្នកកាន់សាសនាហិណ្ឌូ លើពិភព លោក ឃើញពីភាពឃោរឃៅ របស់យោធាថៃហើយ
ភ្នំពេញ ៖ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកកាន់សាសនាហិណ្ឌូ នៅទូទាំងពិភពលោក បាននិងកំពុងមើលឃើញ ពីភាពសាហាវឃោរឃៅ យង់ឃ្នង របស់យោធាថៃ ដែលបានវាយបំផ្លាញ រូបសំណាកព្រះវិស្ណុ របស់កម្ពុជា ដែលបានសាងសង់ឡើងនាពេលថ្មីៗនេះ ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃទី២៦ ខែធ្នូ លោក នេត្រ ភក្ត្រា បានលើកឡើងថា ពិភពលោកទាំងមូល ជាពិសេសអ្នកកាន់សាសនាហិណ្ឌូ នៅលើពិភពលោក បានមើលឃើញពីភាពឃោរឃៅ យង់ឃ្នងរបស់យោធាថៃ ដែលបានវាយកម្ទេចបំផ្លាញរូប សំណាកព្រះវិស្ណុដែលជាទេវៈ បង្កើតលោក និងថែរក្សាលោក ពេលខ្លួនបានប្រើកម្លាំង ទ័ពឈ្លានពានកម្ពុជា។

លោកបន្តថា ជាមួយនឹងសកម្មភាព វាយកម្ទេចរូបសំណាក ដែលកម្ពុជា បានខិតខំកសាង ដើម្បីជាទីសក្តារៈក្នុងការគោរព ដល់សាសនាហិណ្ឌូនេះ ត្រូវបានកាសែតនានា លើពិភពលោក បានបន្តយកប្រធានបទ មកជជែកវែកញែកផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃក្រៅពីមិនអស់ចិត្ត ចំពោះការវាយបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធនានា របស់កម្ពុជាហើយ ថែមទាំង បានបំពានដោយយកគ្រឿង យន្តវាយបំផ្លាញរូប សំណាកអាទិទេពហិណ្ឌូ ដែលកម្ពុជាបានសាង សងកាលពីពេលថ្មីៗនេះ នៅតំបន់អានសេះ ខេត្តព្រះវិហារ ។
ចំពោះអំពើព្រៃផ្សៃនេះ លោកShri Randhir Jaiswal អ្នកនាំពាក្យផ្លូវការក្រសួងការបរទេសឥណ្ឌាចាត់ទុកថា មិនគោរពអារម្មណ៍របស់ប្រជាពលរដ្ឋដែលជាអ្នកមានជំនឿ លើអាទិទេពហិណ្ឌូនៅទូទាំងពិភពលោក ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានអះអាងថា បើទោះបីជាមានការទាមទារ ទឹកដីយ៉ាងណាក៏ដោយ ប៉ុន្តែទង្វើដែលមិនគោរព ដោយវាយកម្ទេចអាទិទេពហិណ្ឌូបែបនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ របស់ប្រជាពលរដ្ឋជុំវិញពិភពលោក ហើយមិនគួរកើតឡើងនោះទេ ៕
