ព័ត៌មានជាតិ

ប្រធានកិត្តិយសអភិរក្សដំរីខ្មែរ ៖ ការឈ្លានពានរបស់ថៃ ធ្វើឱ្យម៉ែកូនដំរីស្លាប់ គឺជាឧក្រិដ្ឋកម្មប្រឆាំងបរិស្ថាន

ភ្នំពេញ ៖ ក្នុងនាមជាប្រធានកិត្តិយស នៃសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរ៉ាវត្តា លោក នេត្រ ភក្ត្រា បានថ្លែងថា ការឈ្លានពានរបស់យោធាថៃ ដែលបង្កវិនាសកម្ម ដល់ជីវិតមនុស្ស និងសត្វព្រៃកម្ពុជា គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរ៉ាវត្តា នាថ្ងៃទី២៦ ខែធ្នូ បានឱ្យដឹងថា ការឈ្លានពានរបស់យោធាថៃ មិនមែនត្រឹមតែបង្កវិនាសសកម្មដល់អាយុជីវិតមនុស្សទេ ប៉ុន្តែគ្រាប់កាំភ្លើងគ្រប់ប្រភេទ និងគ្រាប់បែកទម្លាក់ពីលើយន្តហោះចម្បាំង ក៏បានធ្វើឱ្យសត្វព្រៃដែលរស់នៅក្នុងតំបន់អភិរក្ស ក្នុងខេត្តព្រះវិហាររង គ្រោះស្លាប់បាត់បង់ជីវិត។

លោកបន្តថា ការប្រើប្រាស់សព្វាវុធទំនើបៗ និងផ្សែងពុលបាញ់ចូលក្នុងព្រៃ និងធ្វើឱ្យស្លាប់សត្វព្រៃ គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះក្នុងនាមប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរ៉ាវត្តា លោកបានថ្កោលទោសចំពោះអំពើដ៏សាហាវឃោរឃៅរបស់យោធាថៃ និងអំពាវនាវដល់អ្នកស្រឡាញ់សត្វព្រៃ អ្នកបរិស្ថាននៅជុំវិញពិភពលោកថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លិចបំផ្លាញជីវិតសត្វព្រៃ។

រដ្ឋមន្រ្តីសង្កត់ធ្ងន់ថា សត្វដំរីមេកូនពីរក្បាលនេះ ត្រូវស្លាប់ដោយអំបែងគ្រាប់របស់យោធាថៃ ក្នុងព្រៃនៃខេត្តព្រះវិហារ ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់យោធាឈ្លានពានថៃ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ ។ មេដំរីមានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើតមានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងពីរនាក់ម្តាយ-កូន ៕

To Top