គណៈសង្ឃនាយកកម្ពុជា ៖ ថៃ វាយកម្ទេចរូបទេវរូបវិស្ណុ ប៉ះពាល់ដល់ជំនឿ-អារម្មណ៍អ្នកកាន់សាសនាទូទាំងពិភពលោក
ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាជាទីបំផុត ចំពោះទាហានថៃដែលបានវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ស្ថិតនៅតំបន់អានសេះ ខេត្តព្រះវិហារ ក្នុងដែនអធិបតេយ្យកម្ពុជា ព្រោះធ្វើឱ្យប៉ះពាល់ដល់ជំនឿ និងអារម្មណ៍នៃអ្នកគោរពសាសនាទូទាំងពិភពលោក ។
យោងតាម ញត្តិថ្កោលទោសរបស់គណៈសង្ឃនាយកកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ការវាយកម្ទេចនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនឿ និងអារម្មណ៍នៃអ្នកគោរពសាសនាមិនគ្រាន់តែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជំនឿនិងអារម្មណ៍នៃអ្នកគោរពសាសនាទូទាំងពិភពលោកទាំងមូល ពីព្រោះរូបសំណាកទេវរូបវិស្ណុនេះ ត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ដោយប្រជាជនទូទៅ និងជាបេតិកភណ្ឌវប្បធម៌ អរិយធម៌រួមរបស់មនុស្សជាតិដែលមានតម្លៃកាត់ថ្លៃមិនបាន។
ញត្តិបន្តថា ជាងនេះទៀត កងទ័ពថៃបានឈ្លានពានលើដែនអធិបតេយ្យកម្ពុជាដោយប្រើ ប្រាស់អាវុធគ្រប់ប្រភេទ និងយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែក ផ្សែងពុល គ្រាប់បែកចង្កោម ព្រមទាំងនាវាចម្បាំងបាញ់ប្រហារលើជនស៊ីវិលដែលបណ្តាលឱ្យស្លាប់ និងរងរបួសជនស៊ីវិលស្លុតត្រង់កម្ពុជាមួយចំនួន។ ក្រៅពីនេះ សិស្សសាលា កុមារា កុមារី ក្មេងចាស់ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាព ហើយផ្ទះសម្បែង មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវថ្នល់ ប្រាសាទ រូបសំណាកមួយចំនួនទៀតត្រូវបានបំផ្លិចបំផ្លាញគួរឱ្យសោកស្តាយ។
គណៈសង្ឃនាយកកម្ពុជា ក៏អំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងមានវិធានការណ៍ជាក់ស្តែងចំពោះការបាញ់ប្រហារម្តងហើយម្តងទៀត និងការរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ព្រមទាំងឱ្យភាគីថៃ ទទួលខុសត្រូវទាំងស្រុងលើការរំលោភបំពាននេះ។ ទន្ទឹមនឹងនេះ គណៈសង្ឃនាយក ស្នើសហគមន៍អន្តរជាតិ ប្រទេសជាមិត្ត ភាគីពាក់ព័ន្ធ និងអ្នកជំនាញអន្តរជាតិ បើកការស៊ើបអង្កេតដោយការបាញ់ប្រហារនេះផងដែរ ៕

