ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ អំពើឈ្លានរបស់ថៃ លើដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់កើនឡើង ៣១នាក់ និងរបួស ៩១នាក់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា បានបណ្ដាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ស្លាប់កើនឡើងចំនួន ៣១នាក់ និងរបួសចំនួន ៩១នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា៖ ករណីពលរដ្ឋស្លាប់ និងរបួសថ្មី ៖ ស្លាប់ពលរដ្ឋ ១នាក់ នៅខេត្តសៀមរាប និងរបួស ១នាក់ នៅខេត្តបន្ទាយមានជ័យ។ គិតសរុបពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន ៣១នាក់ និងរបួសចំនួន ៩១នាក់។

ករណីពលរដ្ឋនៅជំរំភៀសសឹក៖ គិតសរុបពីថ្ងៃទី៧ ខែធ្នូ មក មានជនភៀសសឹកសរុប ៦៣៤.៧៣០នាក់ ក្នុងនោះស្ត្រី ៣៣១.៣១៧នាក់ និងកុមារ ២០១.១៥៩នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត៕

To Top