ព័ត៌មានជាតិ

កម្ពុជាសង្ឃឹមថា កិច្ចប្រជុំ GBC កម្ពុជា-ថៃ នឹងបង្កើតឱ្យមានបទឈប់បាញ់

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនៅម៉ោង ៩:៣០នាទីព្រឹក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់ នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃនោះ នឹងបង្កើតឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងថា កិច្ចប្រជុំនេះគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការ ព្រំដែនទូទៅ (GBC)។

លោកស្រីអះអាងថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)នេះធ្វើឡើង ដើម្បីស្វែងរកបទឈប់បាញ់ និងការបញ្ឈប់នូវរាល់អរិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ អ្នកនាំពាក្យការពារកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះ នឹងបង្កើតបាននូវបទឈប់បាញ់មួយដែលអាចអនុវត្តបាន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់អាចត្រលប់ ទៅរកទីលំនៅរបស់ខ្លួនដែលស្ថិត ក្នុងទីតាំងដែលមានសុវត្ថិភាព និងជំរុញឱ្យប្រទេសទាំងពីរ បន្តអនុវត្តយន្តការ ដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕

To Top