ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីលទ្ធផល នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខា លើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕



