បទឈប់បាញ់ រវាងកម្ពុជា-ថៃ ត្រូវអនុវត្តឲ្យពេញលេង
ភ្នំពេញ ៖ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា-ថៃបានឯកភាពយល់ព្រមគ្នា លើបទឈប់បាញ់បន្ទាន់មួយ ដោយចូលជាធរមាន ចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវអនុវត្តឲ្យបានពេញលេញ ក្នុងរយៈពេល៧២ម៉ោង ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ច ប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក ទៀ សីហាឧបនាយក រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា ភាគីទាំងពីរឯកភាពគ្នា លើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខា លើសេចក្តីប្រកាសរួម រវាងប្រទេសទាំងពីរ គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់ អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ ខាងយោធារបស់ភាគីម្ខាងទៀត ។
លោកគូសបញ្ជាក់ថា “ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធ ដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពាន កិច្ចព្រមព្រៀងនេះជាដាច់ខាត” ។
ប្រមុខការពារជាតិកម្ពុជាបន្ថែមថា ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ ក្នុងនោះមិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាត ចូលទៅទីតាំងរបស់ភាគីម្ខាងទៀត ។
បើតាមលោក ទៀ សីហា ភាគីទាំងពីរ ឯកភាពគ្នាថា រាល់ការព្រមព្រៀង ក្រោមសេចក្តីប្រកាសរួម មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌ សីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេស ទាំងពីរ ដើម្បីសម្រេចបាន នូវសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែន ៕
