ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ៖ តាមរយៈបទឈប់បាញ់នាថ្ងៃនេះ ពលរដ្ឋភៀសសឹក មានលំនៅឋាន នៅតាមព្រំដែន អាចមានលទ្ធភាព ត្រឡប់ទៅលំនៅឋាន របស់ខ្លួនវិញ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ តាមរយៈបទឈប់បាញ់នាថ្ងៃនេះ នឹងបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹក ដែលមានលំនៅឋាននៅតាមព្រំដែន អាចមានលទ្ធភាព ក្នុងការត្រឡប់ ទៅរស់នៅលំនៅឋាន របស់ខ្លួនវិញ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិសេស លើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា កម្ពុជា-ថៃ បានឯកភាពគ្នា លើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខា លើសេចក្តីប្រកាសរួម គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការ វាយប្រហារលើជនស៊ីវិល គោលដៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ ខាងយោធា របស់ភាគីម្ខាងទៀត។ ភាគីទាំងពីរ ត្រូវជៀសវាងការផ្ទុះអាវុធ ដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរ មិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថាបទឈប់បាញ់ ក៏ស្របនឹងសេចក្តីថ្លែងការណ៍ នៅទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះដែរ ។
ក្នុងនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា “អ្វីដែលតាមរយៈបទឈប់បាញ់នាថ្ងៃនេះ គឺនឹងបើកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមានលំនៅឋាននៅតាមព្រំដែននេះ អាចមានលទ្ធភាព ក្នុងការត្រឡប់ទៅរស់នៅ នៅលំនៅឋានរបស់ខ្លួនវិញ ហើយប្រកបមុខរបរ ក៏ដូចជាធ្វើស្រែចម្ការ និងបងប្អូនដែលមាន កូន កុមារ ក៏អាចត្រឡប់ទៅចូលរៀន នៅតាមបណ្តាសាលារៀនបាន តាមបន្ទាត់ព្រំដែននេះ” ។
ឆ្លៀតក្នុងឱកាសនេះ លោក ទៀ សីហា បានសំណូមពរ ឱ្យបងប្អូនជនរួមជាតិ ជាពិសេសបងប្អូនភៀសសឹក ត្រូវស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ហើយជាពិសេសគឺស្តាប់តាមការណែនាំ របស់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត ចំពោះលំនៅឋានណា ដែលមានសុវត្ថិភាព ពិតប្រាកដពេញលេញ និងសូមឱ្យស្តាប់តាមការណែនាំនេះ ។ ចំពោះទីតាំងពុំទាន់មានសុវត្ថិភាព ក៏សូមឱ្យបន្តតាមដាននូវអ្វី ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងបន្តផ្តល់ជាព័ត៌មានជូន៕
ដោយ៖ ដារាត់| ដើមអម្ពិល
